សហព័ន្ធកីឡាតេក្វាន់-ដូ ITF ប្តេជ្ញាពង្រឹងសក្តានុពល ក្រោយបញ្ចប់មហាសន្និបាតអាណត្តិទី៦

Detail Top Banner

ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ-ITF បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិទី៧ នាថ្ងៃទី២៤ ខែមីនា នេះថាក្នុងនាមជាមន្រ្តីសហព័ន្ធនឹងបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងគុណភាពកីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ឯកឧត្តប្រធានសហព័ន្ធក៏បានផ្ញើរសារដាស់តឿនទៅកាន់សិស្សគុនដែលត្រៀមការប្រកួតកីឡាតេក្វាន់ដូ អាយ ធី អេហ្វ ជ្រើសរើសជើងឯកអាស៊ី ដែលធ្វើឡើងនៅប្រទេសឥណ្ឌា នាពេលខាងមុខនេះឱ្យយកចិត្តទុកឱ្យបានមែនទែន ដើម្បីធានាពីសក្តានុពល និងសមត្ថភាពរបស់ខ្លួន ពិសេសគឺត្រូវតែបង្ហាញសមត្ថភាពឱ្យអន្តរជាតិបានស្គាល់ពីសមត្ថភាព«កម្ពុជា»។

រំឭកថា សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា នៅក្នុងអាណត្តិទី៦ ទទួលបានសមិទ្ធផលកម្រិតអន្តរជាតិជាច្រើនដូចជា៖ ការប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី២១ នៅប្រទេសប៊ួហ្គារី ឆ្នាំ២០១៩ រកបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២ ឈរចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ៨៧ប្រទេសចូលរួម, ប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៨ រកបានមេដាយមាស៨ ប្រាក់៥ និងសំរឹទ្ធ៨ ឈរលេខ២ ក្នុងចំណោមប្រទេស២០ និងនៅឆ្នាំ២០១៦ កម្ពុជា ឈរលេខ១ ក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដោយឈ្នះមេដាយមាស៣១ ប្រាក់១០ និងសំរឹទ្ធ១១។ ក្រៅពីនេះសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា ត្រូវបានសហព័ន្ធកីឡាតេក្វាន់-ដូ ITFអន្តរជាតិចាត់ទុកជាប្រទេសដែលមានសក្តានុពលខាងកីឡាតេក្វាន់-ដូ ITF ទាំងក្នុងតំបន់ទ្វីប និងពិភពលោក។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ត្រូវបានអង្គមហាសន្និបាតគាំទ្រឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ និងបានប្រកាសសមាសភាពមន្រ្តីសហព័ន្ធជាច្រើនរូបទៀតក្នុងនោះ អនុប្រធានសហព័ន្ធមាន ០៨រូប,អគ្គលេខាធិការ ០៦រូប, អគ្គហិរញ្ញឹក ០២រូប និងសមាជិក សមាជិកា ១២រូប៕

You might also like