សហព័ន្ធកីឡាទូកធ្វើតេស្តជ្រើសរើសក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២៤

Detail Top Banner

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំការធ្វើតេស្តសមត្ថភាព ដើម្បីស្វែងរកធនធានក្នុងក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២៤ ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ឯម ម៉ាអូរី និងឯកឧត្តម យិត ភីរៈ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញផ្តល់កិត្តិយស និងសំណេះសំណាលលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទូកទាំងអស់ ក្នុងកម្មវិធីធ្វើតេស្តសមត្ថភាព ជ្រើសរើសចូលក្រុមជម្រើសជាតិ ដែលបានប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធគូសបញ្ជាក់ថា ចំពោះកីឡាករ កីឡាការិនីចូលរួមមានសរុបចំនួន ៥០នាក់ ហើយសហព័ន្ធជ្រើសរើសយកកីឡាករឆ្នើមៗចំនួន ២០នាក់ និងកីឡាការិនី៦នាក់ និងគ្រូបង្វឹក៤នាក់ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។ ការធ្វើតេស្តសមត្ថភាពនេះ គឺក្រុមគ្រូបង្វឹកនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានផ្តោតសំខាន់លើ៣ចំណុចសំខាន់ៗ ដូចជាការធ្វើតេស្តលើកាយសម្បទា កម្លំាងកាយ និងគុណភាពបច្ចេទេស។ ចំពោះសមាសភាពកីឡាករ កីឡាការិនីចូលរួមមកពីក្រសួងមហាផ្ទៃ កងទ័ពជើងទឹក ខេត្តព្រៃវែង ស្វាយរៀង និងខេត្តកោះកុងជាដើម។ លោក គង់ សុភាព បន្ថែមថា សម្រាប់ការជ្រើសរើសជម្រើសជាតិត្រៀមប្រកួតអន្តរជាតិនានា នាពេលខាងមុខនេះ គឺផ្តោតសំខាន់លើប្រភេទវិញ្ញាសាទូកប្រពៃណៃ ទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង៕

You might also like