យ៉េន ឌីណា គ្មានការព្រួយបារម្ភណ៍អ្វីនោះទេ សម្រាប់ជំនួបត្រៀមជួបដៃគូចាស់ កំពុងឡើងកូដនៅស្រុកថៃ

Detail Top Banner

បើទោះជាមួយរយៈចុងក្រោយ កីឡាករលំដាប់ជួរមុខជាច្រើន កំពុងទទួលបានការគាំទ្រខ្លាំង និងទទួលបានការផ្តល់ឱកាសជាច្រើន ក្នុងការបង្ហាញមុខក្នុងព្រឹត្តិការណ៍ធំៗ ប៉ុន្តែអ្នកប្រដាល់ល្អ ក្បាច់ យ៉េន ឌី ហាក់ធ្លាក់ប្រជាប្រិយភាពទៅវិញ ។

ដូច្នេះដើម្បីជាឱកាសស្តារមុខមាត់ និងទាក់ទាញចំណាប់អារម្មណ៍មហាជន ម្យ៉ាងដោយមើល ឃើញពីសមត្ថភាពរបស់យ៉េន ឌីណា នៅតែល្អមិនចាញ់លំដាប់ជួរមុខគុនខ្មែរ ដែលកំពុងល្បីរន្ទឺ នាពេលបច្ចុប្បន្ន សង្វៀនទូរទស្សន៍ PNN បានផ្តល់ឱកាសអោយរូបគេ ចូលរួមប្រកួតមិត្តភាពអន្តរជាតិ អមគូខ្សែក្រវ៉ាត់ ក្នុងព្រឹត្តិការណ៍ GANZBERG KUN KHMER SUPER STRIKE នាចុងខែមីនានេះ ដើម្បីត្រៀមស្វាគមន៍ដៃគូចាស់ កំពុងឡើងកូដនៅស្រុកថៃ ដែលបច្ចុប្បន្នកំពុងប្រឡូកនៅសង្វៀន One

ថ្លែងពេលកំពុងហ្វឹកហាត់ អ្នកលេងគុនខ្មែររហ័ស្សនាម នាគកំណាត យ៉េន ឌីណា បានបង្ហាញអារម្មណ៍សប្បាយរីករាយ បើទោះមិនបានប្រកួតដណ្តើមខ្សែក្រវ៉ាត់ តែអាចបង្ហាញមុខក្នុងព្រឹត្តិការណ៍ដ៏ធំដែលសង្វៀន PNN បានផ្តល់ឱកាស ទោះខ្លួនធ្លាក់ប្រជាប្រិយភាពក៏ពិតមែន ។ អ្នកប្រដាល់មកពីដែនដីខេត្តកោះកុង បានអោយដឹងថា សម្រាប់ការបង្ហាញមុខជួប កីឡាករថៃ ជេក ស៊ីតជេក ដែលបច្ចុប្បន្នកំពុងប្រឡូកនៅសង្វៀនដ៏ធំលំដាប់ប្រទេសបែបនេះក្តី ក៏មិនមានអ្វីត្រូវបារម្ភណ៍ដែល ព្រោះធ្លាប់ជួបគ្នាច្រើនលើករួចហើយ ណាមួយជោគជ័យច្រើនជាងបរាជ័យ ។ សម្រាប់ជំនួបជាមួយដៃគូចាស់នេះ យ៉េន ឌីណា បានដាក់ក្តីសង្ឃឹមខ្ពស់លើខ្លួនឯង នឹងខិតខំប្រឹងប្រែងប្រកួតអោយអស់ពីលទ្ធភាព យកជ័យជំនះអោយបាន មិនអោយអ្នកផ្តល់ឱកាស និងអ្នកគាំទ្រខកចិត្តឡើយ ព្រោះជាពេលវេលា ដែលត្រូវស្តាមុខមាត់ត្រឡប់មកវិញហើយ ។

យ៉េន ឌីណា ជាកូនសិស្សរបស់លោកអេភូថង អតីតស្តេចប្រដាល់ស្រុកខ្មែរ មានដើមកំណើតមកពីទឹកដីខេត្តកោះកុង បានចូលប្រឡូកគុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានសមិទ្ធិផលជាច្រើនដូចជា ខ្សែក្រវ៉ាត់ ៧ខ្សែ ជាពិសេសនោះ គឺធ្លាប់ប្រឡូកសង្វៀនក្រៅស្រុកជាច្រើន នឹងតំណាងអោយកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដណ្តើមបានមេដាយមាស មកជូនមាតុភូមិកំណើតថែមទៀតផង ។ ដោយថ្ងៃអាទិត្រ ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ រូបគេនឹងត្រូវបង្ហាញខ្លួនក្នុងជំនួបមិត្តភាពអមគូខ្សែក្រវ៉ាត់ជួប កីឡាករថៃ ជេក ស៊ីតជេក ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម លក្ខណៈគុនខ្មែរ៥ទឹក ក្នុង១ទឹកប្រើរយៈពេល៣នាទី ។ ដោយការប្រកួតនឹងចាប់ផ្តើមចាប់ពីវេលាម៉ោង១រសៀលតទៅ នឹងមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក រួមជាយូធូប PNN Sports និងផេក Beer Ganzberg

You might also like