នាយកប្រតិបត្តិ PAFID ៖ នយោជកនឹងផ្លាស់ប្តូរការគិតលើសមត្ថភាព របស់ជនមានពិការភាព ជាជាងការមើលលើភាពពិការរបស់ពួកគាត់

Detail Top Banner

លោក ខេង វីរៈ នាយកប្រតិបត្តិ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAFID) គូសបញ្ជាក់ថា នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ យើងសង្ឃឹមយ៉ាងមុតមាំថា នយោជកនៃបណ្តាក្រុមហ៊ុន សហគ្រាសនានានឹងបានស្វែងយល់បន្ថែមអំពីសក្តានុពល សមត្ថភាពរបស់ជនមានពិការភាព និងបានផ្លាស់ប្តូរនូវការគិតរបស់ពួកគាត់ចំពោះសមត្ថភាពរបស់ជនមានពិការភាព ជាជាងការមើលឃើញពីភាពពិការរបស់ពួកគាត់។

នេះជាការលើកឡើងរបស់លោក ក្នុងកម្មវិធី «ពិព័រណ៍ការងារ និងផលិតភាពជាតិ​ ឆ្នាំ២០២៣ រយៈពេលពីរថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ បានផ្តល់ឱកាសការងារក្នុងប្រទេសជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០។

លោក ខេង វីរៈ នាយកប្រតិបត្តិ PAFID គូសបញ្ជាក់ថា PAFID តែងតែបានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ជារៀងរាល់ឆ្នាំ ដោយសារវាបានផ្សាខ្ជាប់ជាមួយនឹងកម្មវិធីធំ១ ក្នុងកម្មវិធីចម្បងៗរបស់ខ្លួន ក្នុងការលើកកម្ពស់បរិយាបន្នចំពោះជនមានពិការភាព ក្នុងវិស័យការងារ។ PAFID គាំទ្រដល់ជនមានពិការងារ ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យពួកគាត់បានជួបជាមួយនយោជក និងមានឱកាសដាក់ពាក្យការងារជាដើម។

លោក ខេង វីរៈ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«នៅក្នុងពិធីពិព័រណ៍ការងារ និងផលិតភាពជាតិនេះ យើងបានសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ ហើយអង្គការយើងខ្ញុំបានរៀបចំ CV ជូនជនមានពិការភាពជាង ១០០នាក់ មកពីបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ ក្នុងការជួយជ្រោមជ្រែងពួកគាត់ ក្នុងការធ្វើបទសម្ភាសន៍នៅតាមស្តង់ការងាររបស់ក្រុមហ៊ុនផ្សេងៗ ដែលបានចូលរួមក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ២០២៣នេះ។ អង្គការយើងខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងសម្រេចបាននូវគោលដៅ ដើម្បីជំរុញ និងលើកកម្ពស់ដល់ជនមានពិការភាពទទួលបានឱកាសការងារ។ អ្វីដែលសំខាន់បំផុត ខ្ញុំសង្ឃឹមថា នយោជនៃបណ្តាក្រុមហ៊ុននានាបានស្វែងយល់បន្ថែមអំពីសក្តានុពលរបស់ជនមានពិការភាព និងបានផ្លាស់ប្តូរនូវការគិតរបស់ពួកគាត់ចំពោះសមត្ថភាពរបស់ជនមានពិការភាព ជាជាងការមើលឃើញពីភាពពិការរបស់ពួកគាត់»។

បន្ថែមពីលើនេះ នាយកប្រតិបត្តិ PAFID រូបនេះបានសម្តែងការត្រេកអរចំពោះក្រុមការងារទាំងអស់របស់ខ្លួន ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយគំាទ្រយ៉ាងពេញទំហឹងចំពោះបងប្អូនមានពិការភាពទាំងអស់ ដែលបានចូលរួមស្វែងរកឱកាសការងារ និងដៃគូគាំទ្រ និងដៃគូផ្តល់ជំនួយនានារបស់អង្គការ PAFID ផងដែរ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ជនមានពិការភាពទាំងអស់ ដែលខិតខំធ្វើសកម្មភាពដើម្បីខ្លួនគាត់ ពីព្រោះឱកាសទទួលបានការងារ អាស្រ័យដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ខ្លួនឯងដែរ។

ជាមួយគ្នានេះ លោក Lars Ake Svensson នាយកគម្រោងសេវាការងារសាធារណៈប្រទេសស៊ុយអែត​ (Swedish Public Employment Service) បានបញ្ជាក់ដែរថា លោកបានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ដោយសារលោកធ្វើការងារជាមួយ FCA លើគម្រោងទីផ្សារការងារប្រកបដោយបរិយាបន្ន ដែលគាំទ្រផ្ទាល់ចំពោះអ្នកដែលស្វែងរកការងារធ្វើ ដែលមានពិការភាព។ លោកបន្ថែមថា ក្នុងកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ គម្រោងសេវាកម្មរបស់លោកបានមើលឃើញថា ជនមានពិការភាពបានចូលចូលស្វែងរកការងារធ្វើបានច្រើន ហើយលោកសង្ឃឹមថា នយោជន និងអ្នកស្វែងរកការងារធ្វើជាជនមានពិការភាពនឹងជួបគ្នា ហើយពួកគាត់នឹងទទួលបានឱកាសការងារកាន់តែច្រើន ដូចគ្នានឹងជនមិនមានពិការភាពដែរ។

នៅក្នុង ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំនេះ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន ដែលហៅកាត់ថា PAFID ក៏បានចូលរួមផងដែរ ក្នុងគោលបំណងជួយដល់បងប្អូនមានពិការភាព មកពីតាមបណ្តាខេត្ត-ក្រុងនានា ដែលកំពុងស្វែងរកការងារធ្វើ អាចជួបផ្ទាល់ជាមួយនយោជក និងជួយផ្តល់ឱកាសដល់ពួកគាត់ ក្នុងការដាក់ពាក្យរកការងារធ្វើ ហើយទទួលបានការសម្ភាសន៍ភ្លាមៗ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអិននិត ខេមបូឌា (People in Need Cambodia) និងអង្គការស្វីសខនថាក់ (Swiss Contact)

You might also like