ពិធីបើកពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ

Detail Top Banner

(ភ្នំពេញ)៖ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការហើយនារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា លោក អេមេណេហ្គលីដូ គូប៉ា ឡូប៉េស (Ermeneglido Kupa Lopes) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នាឱកាសនោះដែរ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានស្នើសុំឱ្យប្រជាជនក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើរការមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ជាពិសេសនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កម្សាន្តដ៏ធំនៅរាជធានីភ្នំពេញនេះ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំ និងគាំទ្រពីក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនដែលបានរួមគ្នារៀបចំកម្មវិធី (KHBN)។ គោលបំណងគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ និងបំផុសពីផលិតផលទេសចរណ៍ក្នុងស្រុក ៕

You might also like